ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត អាងខ្នងអ្នកមានអំណាច ? ៖ កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត និងកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ បើកឲ្យខ្មែរចូលលេងល្បែងម៉ាសេរី ដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាប Posted on November 11, 2022 Author ksrp Comment(0) កណ្តាល ៖ ដោយសារតែអាងខ្នងអ្នកមានអំណាច និងទឹកលុយហើយមើលទៅ បានជាកាស៊ីណូជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បើកលេងល្បែងរៀងរាល់ថ្ងៃ ជាពិសេសមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងម៉ាសេរី ដោយគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនោះឡើយ។ ជាពិសេសកំពុងតែផ្គើនជាមួយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ចំណែកក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាក់ដូចជាមិនទាន់ឃើញមានចំណាត់ការទៅលើកាស៊ីណូជ្រៃធំ នៅឡើយទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ដែលស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានសហការជាមួយកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ដែលមានទីតាំងនៅក្បែរគ្នា ក្នុងការបើកលេងល្បែងប្ដូរថ្ងៃគ្នា និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រែង ជាប្រចាំរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតជាមួយនឹងសមត្ថកិច្ចឡើយ។ក្រុមអ្នកញៀនល្បែងបាននិយាយថា កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត និងកាឡាក់ស៊ីជ្រៃធំ បានបើកលេងល្បែងរាល់ថ្ងៃតែម្ដង គ្រាន់តែប្ដូរវេន និងចែកថ្ងៃគ្នារកស៊ី។ ដោយក្នុងនោះកាស៊ីណូ កាឡាក់ស៊ីជ្រៃធំ បើកលេង១សប្ដាហ៍ ៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ-ដល់ថ្ងៃពុធ។ ចំណែកកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសតវិញក្នុង១សប្ដាហ៍ លេង៤ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍-ដល់ថ្ងៃអាទិត្យ។ ហើយក្រុមអ្នកញៀនល្បែងជាជនជាតិខ្មែរ បានតេទូរស័ព្ទណាត់គ្នាធ្វើដំណើរពីរាជធានីភ្នំពេញ និងតាមបណ្ដាស្រុកនានាដោយខ្លះជិៈម៉ូតូ ស្ពាយកន្ត្រក មាន់ជល់ និងឌុបគ្នាទៅផង ខ្លះជិៈរថយន្តទំនើប ដឹកមនុស្ស និងដឹកកន្ត្រក មាន់ជល់ទៅជាមួយផង ដើម្បីប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ក្នុងកាស៊ីណូហ្រ្គេនដ្រាហ្គនរីសត និងកាស៊ីណូកាឡាក់ស៊ីជ្រៃធំ យ៉ាងគគ្រឹកគគ្រែងសប្បាយម៉ាអស់ដៃ ពោលគឺមានសុវត្ថិភាព!។ ប្រភពដដែលបានបញ្ជាក់ថា កាស៊ីណូទាំង២ទីតាំងខាងលើ មានលេងល្បែងស៊ីសងគ្រប់ប្រភេទដូចជាៈ បៀរ អាប៉ោង ឡូតូ ហ្គេមបាញ់ត្រី យូគី និង បញ្ជល់មាន់ជាដើម។ ក្នុងនោះមាន់ជល់១គូៗ ពួកគេភ្នាល់ចាក់លុយចាប់ពី ៥ពាន់ដុល្លារ ទៅ៣ម៉ឺនដុល្លារ គឺភ្នាល់ច្រើន ឬតិចទៅតាមគូណាត់ ឬថ្ងៃណាត់គូ ពិសេស។ គួរបញ្ជាក់ថា តាមរយៈសារសំឡេងនៅថ្ងៃទី១៧ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ ត្រូវតែដាច់ខាត វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងតាមអនឡាញ និងតាមតុកាហ្វេ និងតាមទីកន្លែងនានា។ កន្លែងខ្លះ ភូមិ-ឃុំ ខ្លះ សារព័ត៌មានបានជួយចុះផ្សាយក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្តាអធិការស្រុក ឬក៏ប៉ុស្តិ៍នគរបាលនៅតាមភូមិ តាមឃុំ មិនព្រមអើពើបង្ក្រាប៕