ឃ្លាំងស្តុបបារីនៅជាយរាជធានីភ្នំពេញ ត្រូវអគ្គិភ័យលេបយកស្ទើរទាំងស្រុង
ភ្នំពេញៈ ឃ្លាំងស្តុបបារីមួយកន្លែងត្រូវអគ្គិភ័យលេបយកស្ទើរទាំងស្រុង បន្ទាប់ពីឆាបឆេះរយៈពេល ១១ម៉ោងនិង៥០នាទី តាំងពីវេលាម៉ោង ២និង៥០នាទីយប់រំលងអាធ្រាត រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះឃ្លាំងស្តុបបារី មួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដោយនៅក្នុងឃ្លាំងស្តុបបារីខាងលើនេះ ជាប្រភេទថ្នាំជក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់លោក នៅបន្ដបាញ់ពន្លត់ឲ្យអស់រលត់ភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។
លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ចំនួន០១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣២គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩០ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន, រថយន្តបុរី ប៉េង ហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន, រថយន្តព្រលានយន្តហោះថ្មី ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន។
សូមបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េចំនួន ០១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង រីឯព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕