តាមរយៈការផុសនៅលើផេកផ្លូវការរបស់ ឯកឧត្តម ដួង តារា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដែលមានអត្ថន័យថា
អរគុណម្ចាស់បំណុលដែលបានយល់ព្រមបញ្ចប់វិវាទដោយមិនសុំអនុវត្តលក់ឡៃឡុងផ្ទះកូនបំណុល។ បើផ្ទះរបស់ លោក ខៀវ ណាសុង ត្រូវបានលក់ឡៃឡុងមែន គាត់មិនត្រឹមតែប្រឈមនឹងការបាត់បង់ដីផ្ទះជម្រករស់នៅប៉ុណ្ណោះទេ គឺនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សមាជិកគ្រួសារក្នុងបន្ទុក ក្នុងនោះមានប្រពន្ធ, កូន៣នាក់ មានអាយុ១៤ឆ្នាំ, អាយុ១២ឆ្នាំ, អាយុ១០ឆ្នាំ, ឪពុក អាយុ៨៥ឆ្នាំ និងបងស្រីអាយុ៤៤ឆ្នាំ ដែលកំពុងរស់នៅក្នុងផ្ទះជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណេះទេ គឺគាត់នៅជំពាក់លុយម្ចាស់បំណុលជាច្រើន ទៀតផង។
ដោយសេចក្តីព្រួយបារម្ភខ្លាំង លោក ខៀវ ណាសុង បានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ តុលា ២០២១។ គាត់បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី ២៤ តុលា ២០១៧ គាត់បានខ្ចីលុយ លោក វ៉េង ហ៊ាង ចំនួនតែ$54,000។
កាលពីឆ្នាំ ២០១៨ លោក វ៉េង ហ៊ាង បានប្តឹង លោក ខៀវ ណាសុង ទៅសាលាដំបូងខេត្តសៀមរាបដើម្បីទាមទារប្រាក់ជំពាក់ចំនួន$70,000 និងសំណងការខូចខាត $20,000 និងប្រាក់ជំពាក់បន្ថែមចំនួន 39,243,400 លានរៀល (ប្រហែល $៩,៥០០) ។
សាលាដំបូងខេត្តសៀមរាប បានសម្រេចឲ្យលោក ខៀវ ណាសុង សងលុយ $84,500 ។ លោក ខៀវ ណាសុង មិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍ និងបានប្តឹងទៅតុលាការកំពូលនៅឆ្នាំ២០២០ បន្តទៀត។ ប៉ុន្តែ តុលាការកំពូលបានសម្រេចតម្កល់សាលដីការសាលាឧទ្ធរណ៍ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក វ៉េង ហ៊ាង បានដាក់ពាក្យសុំអនុវត្តដោយបង្ខំស្នើសុំលក់ដីនិងផ្ទះ របស់លោក ខៀវ ណាសុង(ទំហំ៧ម៉ែត្រx២០ម៉ែត្រ មានទីតាំងស្ថិត នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប) ទៅសាលាដំបូងខេត្តសៀមរាប។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ផ្ទះនិងដីនេះ ត្រូវសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យលក់ឡៃឡុងបានត្រឹមតែតម្លៃ $62,440 ទៅឲ្យ លោក វ៉េង ហ៊ាង ផងដែរ។
ដោយសារតែរឿងក្តីនេះអូសបន្លាយតាំងពីឆ្នាំ២០១៨យូរមកហើយ ទើបលោក វ៉េង ហ៊ាង បានធ្វើការគណនាសិទ្ធិលើបំណុល និងទាមទារឲ្យបង់បំណុលដែលសរុបទាំងប្រាក់ដើម ការប្រាក់ សំណងជំងឺចិត្ត និងប្រាក់ប្រដាប់ក្តី កើនឡើងរហូតដល់ទៅ $90,537 និងប្រាក់រៀលចំនួន 1,350,000៛។ តុលាការបានជូនដំណឹងឲ្យលោក ខៀវ ណាសុង មកទូទាត់បំណុលនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២២។
ឯកឧត្តម ដួង តារា បានយកសំណុំរឿងខ្ចីប្រាក់នេះមកពិនិត្យ និងបានស្នើសុំភាគីទាំងពីរយោគយល់ដល់គ្នាយកការចរចារដោះស្រាយក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី។ នៅពេលចុងក្រោយថ្មីៗនេះ គូភាគីទាំងពីរបានយល់ព្រមចុះកិច្ចព្រមព្រៀងដោះស្រាយបញ្ហានៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ ដោយកំណត់សងត្រឹមតែ $75,000 ក្នុងរយៈពេល៨០ថ្ងៃ ដើម្បីបញ្ចប់វិវាទទាំងអស់រវាងគ្នា និងគ្នា។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក ខៀវ ណាសុង បានប្រគល់ប្រាក់ទាំងអស់គ្រប់ចំនួនឲ្យទៅ លោក វ៉េង ហ៊ាង ចំណែកលោកវ៉េង ហ៊ាង ក៏បានធ្វើការដកពាក្យសុំលក់ឡៃឡុង និងពាក្យសុំអនុវត្តដីការរក្សាការពារដែលខ្លួនបានដាក់កន្លងមកផងដែរ។ឥឡូវម្ចាស់បំណុលបានដកពាក្យទាំងអស់និងមិនមានការផ្ទេរសិទ្ធិផ្ទះនេះបន្តទៀតឡើយ។ ដំណោះស្រាយក្រៅប្រព័ន្ធតុលាការជាមួយគុណធម៌បាននាំមកនូវលទ្ធផលដែលភាគីទាំងពីរអាចទទួលបានក្នុងការបញ្ចប់វិវាទទាំងស្រុង។
ឯកឧត្តម ដួង តារា សូមអរគុណដល់ភាគីទាំង២ដែលបានសម្រេចយកការដោះស្រាយបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្បទានអោយគ្នាទៅវិញទៅមកដើម្បីបញ្ចប់វិវាទដែលមានរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ឯកឧត្តមក៏សូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយឯកឧត្តមបានចូលរួមដោះសម្របសម្រួលជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ឯកឧត្តមសូមគាំទ្រ និងលើកទឹកចិត្ដដល់បងប្អូនដែលមានវិវាទ ទោះបីតូចឬធំក្តីគឺនាំគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាកាទើបឆាប់ចប់ហើយកាត់បន្ថយបានទាំងពេលវេលា និងការចំណាយផ្សេងៗប្រកបដោយប្រសិទ្ធភាព។