បញ្ហាវិវាទដីធ្លីគឺកំពុងកើតមានជារៀងរាល់ថ្ងៃ ជាពិសេសនៅទីកន្លែងដែលដីកំពុងមានហាងឆេងឡើងថ្លៃ។ មានប្រជាពលរដ្ឋជាច្រើនដែលបានដាក់សំណើសុំអន្តរាគមន៍មកសម្តេចតេជោដើម្បីជួយដោះស្រាយផ្តល់យុត្តិធម៍។
ថ្ងៃទី ៣០ វិច្ឆិកា ២០២១នេះ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់១ករណីក្រៅប្រព័ន្ធតុលាការ រវាងភាគី លោក នួន នាង ជាមន្រ្តីជាប់បេសកម្ម UN នៅប្រទេសម៉ាលី ជាមួយក្រុមហ៊ុនបុរីពិភពថ្មី។ នៅក្នុងកិច្ចព្រមព្រៀងសះជានិងបញ្ចប់វិវាទថ្ងៃនេះ គឺមានកូនស្រីឈ្មោះ តាំង ម៉ូលីនិច តំណាងអោយឪពុក នួន នាង ដែលកំពុងជាប់បេសកកម្ម UN នៅប្រទេសម៉ាលី និង ឈ្មោះ សូរ ឈិនឡុង តំណាងក្រុមហ៊ុនបុរីពិភពថ្មីបានផ្តិតមេដៃលើកិច្ចសន្យាសះជាបញ្ចប់វិវាទ។ ខ្ញុំសូមអរគុណក្រុមហ៊ុនបុរីពិភពថ្មីដែលបានជ្រើសយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ករណីវិវាទនេះគឺកើតឡើងតាំងពីឆ្នាំ ២០១៩ លើផ្ទៃដីទំហំ៦១ម៉ែត្រការ៉េ ស្ថិតនៅ ភូមិស្ងួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌកំបូល ដោយសារភាគីក្រុមហ៊ុនបានពង្រីផ្លូវបេតុងប៉ះចំដីផ្នែកខាងមុខរបស់ដី នួន នាង មានទំហំ ៦១ម៉ែត្រការ៉េ (២,៥០ម x ២៤,៧៤ម) ទើបមានការប្តឹងតវ៉ាគ្នាដល់អាជ្ញាធរមូលដ្ឋានចាប់តាំងពីថ្ងៃទី ១៣ មិថុនា ២០២១។ ក្នុងនោះក៏មានអាជ្ញាធរខណ្ឌកំបូលចុះអន្តរាគមន៍ជួយដោះស្រាយដែរ ប៉ុន្តែមិនទទួលបានលទ្ធផល។ ទើបនៅថ្ងៃទី ១៧ កញ្ញា ២០២១ ភាគីលោក នួន នាង បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោ ជួយផ្តល់យុត្តិធម៌។
ខ្ញុំបានពិនិត្យសំណុំឯកសារផ្លូវច្បាប់និងបច្ចេកទេស ព្រមទាំងបានបញ្ជូនអ្នកជំនាញភូមិសាស្រ្តចុះទៅដល់ទីតាំងដីចុច GPS វាស់វែងលើទំហំដីដែលមានវិវាទជាក់ស្តែងដោយមានការសហការពីភាគីទាំងពីរដែលបានឃើញច្បាស់ពីចំណុចទីតាំងនិងទំហំដីវិវាទជាក់ស្តែងដែលបានធ្វើអោយភាគី លោក នួន នាង ស្ងប់ចិត្តយល់ព្រមទទួលយកដីចំនួន ៦១ម៉ែត្រការ៉េដែលនៅផ្នែកខាងក្រោយជាប់ជាមួយដីក្រុមហ៊ុនដើម្បីបញ្ចប់វិវាទតែម្តង។ អ្វីដែលពលរដ្ឋទទួលយកបានដោយស្ងប់ចិត្ត ព្រោះគាត់មានជំនឿនិងទំនុកចិត្តលើខ្ញុំនិងក្រុមការងារ។
ជាមួយនឹងការកាត់ដីជូនទៅភាគីលោក នួន នាង គឺខាងក្រុមហ៊ុនបានយល់ព្រមតភ្ជាប់ប្រព័ន្ធលូទឹកស្អុយជាមួយក្រុមហ៊ុនអោយ ដែលជាបន្ទុកចំណាយរបស់ក្រុមហ៊ុនផ្ទាល់។ ចំពោះសេវាចំណាយលើការបំបែក បង្រួមប័ណ្ណកម្មសិទ្ធិ និងការផ្ទេរសិទ្ធិ គឺអាជ្ញាធរខណ្ឌកំបូលជាអ្នកទទួលខុសត្រូវ។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណលោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងក្រុមគ្រួសារលោក នួន នាង ព្រមទាំងអាជ្ញាធរខណ្ឌកំបូល ដែលបានចូលរួមជួយដោះស្រាយបញ្ចប់វិវាទនេះក្រៅប្រព័ន្ធតុលាការបានចប់ជាស្ថាពរឈរលើគោលការណ៍ឈ្នះ-ឈ្នះ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែណែនាំចង្អុលបង្ហាញដល់រូបខ្ញុំក្នុងការចុះជួយដោះស្រាយបញ្ហាវិវាទដីធ្លីនិងវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។ សម្តេចតេជោជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕




