បុរសម្នាក់ដែលស្រែកឡូឡា និងយកអាវុធគំរាមជាងកាត់សក់ នៅខណ្ឌចំការមន ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន
!
(ភ្នំពេញ)៖ បុរសម្នាក់ដែលបានស្រែកជេរឡូឡា និងយកកាំភ្លើងគំរាមជាងកាត់សក់ ក្នុងហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមាន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។
របាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។ដោយឡែក សម្រាប់ដើមចមដែលនាំឲ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ គឺដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ ហាមឃាត់កុំឲ្យសើចលឺពេកព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។
បុរសម្នាក់បើករថយន្ដស៊េរីទំនើបមួយគ្រឿង បានស្រែកជេរឡូឡា និងគំរាំមប្រើប្រាស់អាវុធលើជាងកាត់សក់ ក្នុងហាងកាត់សក់មួយកន្លែង នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ ពាក់អាវយឺតលឿង ស្រែកជេរឡូឡា ទៅកាន់ជាងកាត់សក់ម្នាក់។
លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងហើយយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាង បង្កឲ្យការភ័យខ្លាច ដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយលើកៅអីកាត់សក់។ ក្រោយមកទៀត បុរសដដែលនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។
តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើកម្រាមដៃ១០សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃបានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង៕