អាជ្ញាធរបានហៅអ្នកគ្រប់គ្រងផ្សារហនុមាន(អរិយក្សត្រ) និងអ្នកដែលយកសំរាមទៅចោលមកអប់រំណែនាំ និងធ្វើកិច្ចសន្យា
(អរិយក្សត្រ)នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អរិយក្សត្រ បានហៅឈ្មោះ សុន ណន ដែលជាអ្នកគ្រប់គ្រងផ្សារហនុមាន(ផ្សារអរិយក្សត្រ) មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដែលឲ្យគេយកសំរាមមកចាក់ចោលនៅក្នុងទីតាំងចាក់សំរាមកណ្ដាលក្រុងអរិយក្សត្រ។ ដោយទីតាំងនេះពីមុនមកគឺជាកន្លែងដែលស្តុកសម្រាម តែក្រោយពេលដែលសង្កេតឃើញថាមានផលប៉ះពាល់ច្រើន លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ រួមទាំងលោក-លោកស្រីអភិបាលរងក្រុង និងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធបានចុះទៅពិនិត្យ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនឲ្យយកសំរាមទៅចាក់ចោលនៅទីនោះទៀតនោះទេ ព្រោះវាអាចបង្កជាហានិភ័យ ប៉ះពាល់ដល់សុខភាព សុខមាលភាព និងបរិស្ថានទាំងមូលនៅក្នុងតំបន់។
ក្នុងកិច្ចសន្យានោះលោក សុន ណន បានស្ដាប់ តាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរ ហើយចូលរួមណែនាំបុគ្គលិកអាជីវករក្នុងផ្សារមិនឲ្យយកសំរាមទៅចោលនៅទីនោះ ហើយសន្យាថាក្នុងរយៈពេល ៧ថ្ងៃនឹងសម្អាតសំរាមដែលយកទៅចោលឱ្យអស់ រួមទាំងសន្យាថានឹងបញ្ឈប់សកម្មភាពយកសំរាមទៅចោលនូវចំណុចខាងលើបន្តទៀតហើយ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត គ្មានក្លិនសំរាម ទទួលបាននូវសុខភាពល្អ និងដើម្បីមុខមាត់ទីក្រុងអរិយក្សត្រថ្មីមួយនេះ៕