(អរិយក្សត្រ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានចាត់តាំង លោក ស៉ឹង សុផាន់ណា អភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញដែលមានលោក នាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ, លោក ប្រធាន និង អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍,លោក ចៅសង្កាត់រង សង្កាត់ព្រែកតាកូវ, លោក មេភូមិ និងអនុប្រធានភូមិ ព្រែកតាកូវ ដើម្បីចុះទៅពិនិត្យទីតាំង ដែលមានសកម្មភាពជីករណ្តៅដីមួយកន្លែង នៅក្នុងភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្រោយពីបានចុះទៅដល់ទីតាំងជាក់ស្តែងលោកអភិបាលរងក្រុង រួមទាំងមន្ត្រីជំនាញបានណែនាំ និងបានឲ្យម្ចាស់គ្រឿងចក្រធ្វើការបញ្ឈប់សកម្មភាពធ្វើអាជីវកម្មជាបណ្តោះអាសន្ន និង បានណែនាំឲ្យម្ចាស់អាជីវកម្មត្រូវតែស្នើស៉ំច្បាប់ ឲ្យបានត្រឹមត្រូវមុននឹងធ្វើអាជីវកម្ម។
ក្រោយពីទទួលបានការណែនាំ ម្ចាស់គ្រឿងចក្របានចូលរួមសហការ និងគោរពតាមការណែនាំ របស់អាជ្ញាធរ។
ចំពោះករណីនេះលោក ស៊ឺង សុផាន់ណា ក៏ដូចជាអាជ្ញាធរក្រុងអរិយក្សត្រ បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានដែលបានផ្តល់ព័ត៌មានមក ហើយអាជ្ញាធររីករាយស្វាគមន៍ ចំពោះការផ្តល់ព័ត៌មានមករដ្ឋបាលក្រុងអរិយក្សត្រ៕